ការបញ្ចប់សិក្ខាសាលា និងវេទិកាថ្នាក់តំបន់ស្តីពី “វិទ្យុគមនាគមន៍សម្រាប់ប្រទេសក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ២០១៧” ប្រកបដោយផ្លែផ្កាជាទីមោទន: គឺជាជោគជ័យថ្មីមួយទៀតរបស់ព្រះរាជាណាចក្រកម្ពុជាយើង
សិក្ខាសាលា និងវេទិកាថ្នាក់តំបន់រយៈពេល០៤ថ្ងៃ (០៤-០៧ ធ្នូ ២០១៧) ស្តីពី“វិទ្យុគមនាគមន៍សម្រាប់ប្រទេសក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ២០១៧” ដែល រៀបចំឡើងនៅរាជធានីភ្នំពេញ ត្រូវបានបញ្ចប់ដោយជោគជ័យ និងទទួលបានផ្លែផ្កាគួរជាទីមោទន: ហើយត្រូវបានប្រារពពិធីបិទក្រោមអធិបតីភាព ឯកឧត្តម សុខ ពុទ្ធិវុធ អនុរដ្ឋលេខាធិការ ក្រសួងប្រៃសនីយ៍និងទូរគមនាគមន៍ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសនីយ៍និងទូរគមនាគមន៍។
ឯកឧត្តម សុខ ពុទ្ធិវុធ បានលើកឡើងពីអត្ថប្រយោជន៍នៃផ្លាស់ប្តូរទៅបច្ចេកវិទ្យា5Gថា បច្ចេកវិទ្យា5G ដែលកាន់តែខិតមកជិត នឹងផ្លាស់ប្តូរសង្គម និងវិស័យផ្សេងៗទាំងមូល។ បច្ចេកទេសនេះ នឹងក្លាយជាវេទិកាកាន់តែទូលំទូលាយមួយសម្រាប់រាជរដ្ឋាភិបាល និងវិស័យឯកជនក្នុងការផ្លាស់ប្តូរគ្នាដោយសេរីនូវគំនិត និងចក្ខុវិស័យនានា សម្រាប់អនាគតនៃវិស័យទូរគមនាគមន៍។ យើងគួរមានការពិភាក្សានិងជំរុញរួមគ្នានូវតម្រូវការនិងការគ្រប់គ្រងវិសាលគមន៍ ក្នុងគោលដៅតែមួយ។ ជាមួយគ្នានេះ យើងគួរគិតផងដែរដល់ស្តង់ដារអន្តរជាតិនៃប្រព័ន្ធ5Gមួយ ដែលមានសារៈសំខាន់ដល់ការផ្សារភ្ជាប់លក្ខណៈខុសគ្នានៃឌីជីថល។
សិក្ខាសាលា និងវេទិការនេះបានផ្តល់នូវព័ត៌មានពីការប្រឈមនានា និងកាលានុវត្តភាពនៃដំណើរឆ្ពោះទៅកាន់បច្ចកវិទ្យា5G ការត្រៀមខ្លួនរបស់ប្រទេសនិមួយៗនៅក្នុងតំបន់ និងការប្រើប្រាស់នៃបច្ចេកទេសនេះប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ដែលធ្វើអោយអត្ថប្រយោជន៍នៃបច្ចេកវិទ្យាអាចត្រូវទាញយកបានដោយប្រជាជនគ្រប់គ្នា រហូតដល់ជនបទ។ សិក្ខាសាលា និងវេទិកាថ្នាក់តំបន់នេះបានផ្តល់នូវព័ត៌មានសំខាន់ៗលើការគ្រប់គ្រងវិសាលគមន៍ បទដ្ឋានគតិយុត្តិ បច្ចេកទេសថ្មីៗ និងដំណើរឆ្ពោះទៅកាន់បច្ចេកទេស5G ដើម្បីផ្តល់នូវអត្ថប្រយោជន៍ជាអតិបរមាដល់ប្រទេសនិមួយៗក្នុងតំបន់ និងចំណេះដឹង ក៏ដូចជាបទពិសោធន៍ល្អៗ ដែលស្របនឹងបទប្បញ្ញត្តិនៃវិទ្យុទូរគមនាគមន៍នៃសហភាពទូរគមនាគមន៍អន្តរជាតិ (ITU)។
ក្រោយពីបញ្ចប់សិក្ខាសាលា និងវេទិការួចមក ក៏មានរៀបចំពិធីជប់លៀងអបអរសាទរ និងជូនដំណើរភ្ញៀវជាតិ និងអន្តរជាតិ ដែលបានចូលរួមពិភ្សាយ៉ាងផុសផុលនៅក្នុងអង្គសិក្ខាសាលា និងវេទិកានេះផងដែរ។
ថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស២៥៦១
រាជធានីភ្នំពេញ ថ្ងៃទី០៧ ខែធ្នូ ព.ស២០១៧

You missed