ឯកអគ្គរដ្ឋទូតចិន ឯកឧត្តម ស្យុង ប៉ និងអ្នកតំណាងរាស្ត្រមណ្ឌលតាកែវ ឯកឧត្តម សុខ សូកាន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ទទួលសម្ភារការិយាល័យ ជាជំនួយរបស់ស្ថានឯកអគ្គរដ្ឋទូតចិន ជូនដល់ ស.ស.យ.ក. ខេត្តតាកែវ និងរដ្ឋបាលស្រុកគិរីវង់
=================
ស្រុកគិរីវង់៖ ព្រឹកថ្ងៃអង្គារ ០២រោច ខែមិគសិរ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ ឯកអគ្គរដ្ឋទូតចិន ឯកឧត្តម ស្យុង ប៉ និងអ្នកតំណាងរាស្ត្រមណ្ឌលតាកែវ ឯកឧត្តម សុខ សូកាន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ទទួលសម្ភារការិយាល័យ ដែលជាជំនួយរបស់ស្ថានឯកអគ្គរដ្ឋទូតនៃសាធារណ:រដ្ឋប្រជាមានិតចិន នៅសាលាស្រុកគិរីវង់ ដោយមានការចូលរួមពី ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្ត ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្ត និងស្រុក ព្រមទាំងមន្ត្រីរាជការ យុវជន សហភាពសហព័ន្ធយុវជនកម្ពុជា កាយរិទ្ធ កាកបាទក្រហម យ៉ាងច្រើនកុះករ។
ក្នុងឱកាសដែលទទួលនូវសម្ភារការិយាល័យដែលមានដូចជា កុំព្យូទ័រយួរដៃ ១៦៨គ្រឿង កុំព្យូទ័រលើតុ ២០គ្រឿង ដុំWiFi ២០គ្រឿង និងម៉ាស៊ីនស្កេន័រ ១៥គ្រឿងនេះ ឯកឧត្តម សុខ សូកាន បានថ្លែងអំណរគុណដល់មហាមិត្តចិននិងបានថ្លែងថាការផ្តល់ជំនួយទាំងនេះពិតជាចំកាលៈទេសៈសម្រាប់ប្រតិបត្តិការងារចាំបាច់ប្រចាំថ្ងៃ។ ហើយ ឯកឧត្តម បានរំលឹកថា សមិទ្ធផលទាំងឡាយក្នុងស្រុកគិរីវង់នៅថ្ងៃនេះ គឺមានការរួមចំណែកយ៉ាងធំធេងរបស់ សម្តេចវិបុលបញ្ញា សុខ អាន កាលលោកនៅមានជីវិត។
ឯកឧត្តមតំណាងរាស្រ្ត បានលើកឡើងពីទំនាក់ទំនងជាប្រពៃណីនិងជាប្រវត្តិសាស្រ្តរវាងកម្ពុជា ចិន តាំងពីជាង២០០០ឆ្នាំមុន ហើយបានបន្តរឹតចំណងមិត្តភាពកាន់តែខ្លាំងឡើងដោយសម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ ហើយចុងក្រោយនេះទំនាក់ទំនងនៃប្រទេសទាំងពីរបានឈានដល់ចំនុចកំពូលដែលមិនធ្លាប់មាន ក្រោមការដឹកនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន និង ឯកឧត្តម ប្រធានាធិបតី ស៊ី ជិនពីង។
ឯកឧត្តមតំណាងរាស្ត្រវ័យក្មេងមណ្ឌលតាកែវបានសង្កត់ធ្ងន់ថា ប្រទេសចិនគឺជាមិត្តពិតប្រាកដ និងជាមិត្តដ៏ល្អរបស់កម្ពុជា ដែលតែងតែជួយឧបត្ដម្ភគាំទ្ររាល់ការអភិវឌ្ឍរបស់កម្ពុជាស្របតាមលក្ខខណ្ឌជាតិរបស់ខ្លួន។
បន្ទាប់ពីពិធីប្រគល់ទទួលសម្ភារការិយាល័យទាំងនេះរួចមក គណៈអធិបតីក៏បានអញ្ជើញពិនិត្យអគារសិក្សា ដែលកំពុងជួយសាងសង់ ១ខ្នង ២ជាន់ ១២បន្ទប់ នៅវិទ្យាល័យ សុខ អាន ទន្លាប់ និងស្ថានីយ៍បូមទឹកមួយកន្លែងនៅក្នុងឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ដែលជាគំរោងជំនួយរបស់រដ្ឋាភិបាលចិនផងដែរ។
