លោក កេត ម៉ៅ អភិបាលនៃគណៈអភិបាលស្រុកសំរោង រួមជាមួយ លោក ស្វាយ ឧត្ថោ អភិបាលរងស្រុក លោកស្រីប្រធាន អនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន បានអញ្ជើញអមដំណើរ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ រួមដំណើរដោយ លោកអភិបាលរងខេត្ត លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកប្រធានមន្ទីរសុខាភិបាល និងក្រុមការងារថ្នាក់ខេត្ត ចុះត្រួតពិនិត្យស្ថានីយ៍បូមទឹក និងស្ថានភាពបង្កបង្កើន ផលស្រូវរដូវវស្សាដែលបានកំពុងជួបគ្រោះរាំងស្ងួត នៅឃុំជើងគួន និងឃុំស្លា។ កន្លងមករដ្ឋបាលខេត្ត បានឧបត្ថម្ភប្រេងចំនួន ១,៥០០ លីត្រ ជូនដល់ឃុំទាំងពីរនេះ តាមរយៈមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីជួយបូមទឹកសង្រ្គោះស្រូវ ដែលជួបគ្រោះរាំងស្ងួតផងដែរ។
នាឪកាសនោះផងដែរ ឯកឧត្តមអភិបាលខេត្ត បានឧបត្ថម្ភប្រេងចំនួន ១,០០០ លីត្រ ជូនដល់រដ្ឋបាលឃុំស្លា ដើម្បីទុកបូមទឹកសង្រ្គោះស្រូវរដូវវស្សារបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងជួបគ្រោះរាំងស្ងួត។
បន្ទាប់មក ឯកឧត្តមអភិបាលខេត្ត និងក្រុមការងារ ក៏បន្តចុះពិនិត្យទីតាំង និងដំណើរការក្រុមការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្អូនៗ អាយុ ១២ឆ្នាំ ដល់ក្រោម ១៨ ឆ្នាំ នៅមណ្ឌលសុខភាពសំរោង។
ឆ្លៀតក្នុងឪកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់អាជ្ញាធរក្នុងមូលដ្ឋាន និងអ្នកដែលពាក់ព័ន្ធទាំងអស់ បន្តជម្រុញឱ្យប្អូនៗកុមារ យុវជន និងបងប្អូនប្រជាពលរដ្ឋដែលមានអាយុចាប់ពីអាយុ ១៨ឆ្នាំឡើង ដែលមិនទាន់បានចាក់វ៉ាក់សាំង សូមមកចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា នៅមណ្ឌលសុខភាពសំរោង ចាប់ពីថ្ងៃនេះតទៅ។
ថ្ងៃព្រហស្បតិ៍ ៣រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១
