អ្នកតំណាងរាស្រ្តមណ្ឌលតាកែវ និងប្រធានស.ស.យ.ក ខេត្ត បន្តចែកអំណោយជាសៀវភៅក្រមង៉ុយ និងសៀវភៅបណ្ឌិត អ៊ូ ចុង ដល់គ្រូបង្រៀន ក្នុងស្រុកគិរីវង់
តាកែវ៖ សៀវភៅក្រមង៉ុយ និងសៀវភៅបណ្ឌិត អ៊ូ ចុង ចំនួន៩៥១ច្បាប់ ដែលជាអំណោយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ត្រូវបាន ស.ស.យ.ក ខេត្តតាកែវ ដឹកនាំដោយ លោក សុខ ពុទ្ធិវុធ អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធាន ស.ស.យ.ក ខេត្តតាកែវ និងលោក សុខ សូកាន អ្នកតំណាងរាស្រ្តមណ្ឌលតាកែវ នាំយកទៅប្រគល់ជូនលោកគ្រូ អ្នកគ្រូចំនួន ៩៥១នាក់ នៅស្រុកគិរីវង់ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨ ក្នុងបរិវេណវិទ្យាល័យគិរីវង់ ស្រុកគិរីវង់។
បន្ទាប់ពីបានសំណេះសំណាល សាកសួរសុខទុក្ខ គណៈអធិបតីទាំងពីររូបបានបរិយាយសង្ខេបពីអត្ថន័យ និងគោលបំណង របស់អ្នកនិពន្ធក្នុងសៀវភៅគឺដាស់តឿន ប្រៀនប្រដៅមនុស្សក្នុងសង្គមឲ្យស្គាល់បុណ្យ បាប គុណ ទោស មានសីលធម៌ និងសុជីវធម៌រស់នៅល្អជាដើម។ ដូច្នេះសូមលោកគ្រូ អ្នកគ្រូ ដែលទទួលបានសៀវភៅ និងបន្ទាប់ពីស្វែងយល់ពីខ្លឹមសារលំអិតក្នុងសៀវភៅនេះរួច សូមជួយផ្សព្វផ្សាយនូវខ្លឹមសារដ៏មានសារៈសំខាន់ទាំងនោះដល់យុវជន និងសិស្សានុសិស្សទូទាំងស្រុកគិរីវង់បន្តទៀត ដើម្បីឱ្យយុវជនជំនាន់ក្រោយបានយល់ និងបានដឹងនូវខ្លឹមសារប្រកបដោយការអប់រំនេះ ។
ក្នុងពិធីនោះដែរ លោក សុខ ពុទ្ធិវុធ និងលោក សុខ សូកាន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកគ្រូ អ្នកគ្រូ ដែលកន្លងមកបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ជាពិសេសតាំងពីក្រោយការរំដោះឆ្នាំ១៩៧៩ ពីរបប ប៉ុល ពត មក ដែលកាលនោះ លោកនាយករដ្ឋមន្រ្តីបានប្រើគោលនយោបាយ អ្នកចេះច្រើនបង្រៀនអ្នកចេះតិច អ្នកចេះតិចបង្រៀនអ្នកមិនចេះសោះ រហូតដល់ពេលនេះវិស័យអបរំយើងបានរីកចំរើនគួរឲ្យកត់សំគាល់ ព្រោះយើងមានធនធានមនុស្ស និងគ្រឹះស្ថានសិក្សាគ្រប់លំដាប់ថ្នាក់ ពេញផ្ទៃប្រទេស ដែលអនុញ្ញាតិឲ្យយុវជនយើង ធ្វើការអភិវឌ្ឍខ្លួន ស្របទៅនឹងសម័យកាល ក្រោមម្លប់សន្តិភាព។
លើសពីនោះ លោក សុខ សូកាន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានធ្វើការដំឡើងប្រាក់បៀវត្ស ជាបន្តបន្ទាប់រៀងរាល់ឆ្នាំ រហូតមកដល់ដើមឆ្នាំ២០១៨នេះ ប្រាក់បៀវត្សគ្រូបង្រៀន មន្រ្តីរាជការ និងកងកំលាំងប្រដាប់អាវុធ ទាបបំផុតគឺ១លានរៀល ហើយនឹងបន្តឡើងនៅឆ្នាំក្រោយៗទៀត ដែលនេះគឺជាការបង្កើនកំណើនប្រាក់ចំណូលគ្រួសារ ឲ្យងើបផុតពីចំណូលមធ្យមកំរិតទាប ឈានទៅរកចំណូលមធ្យមកំរិតខ្ពស់៕
